Wednesday, October 4, 2017

ស្លុតចិត្តណាស់! នារីម្នាក់រងរបួសយ៉ាងដំណំ ហើយថែមទាំងជួបរឿងគួរឲ្យរន្ធត់ចិត្តបែបនេះទៀត ដោយសារតែអំពើឃោរឃៅរបស់មិត្តប្រុស


ថៃ៖ រឿងរ៉ាវទាក់ទងនឹងអំពើហឹង្សានៅតែបន្តកើតមានឡើងរាល់ថ្ងៃ បើទោះជាមានច្បាប់ហាមឃាត់នូវទង្វើបែបនេះយ៉ាងណាក៏ដោយ។ ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែតុលា ម្សិលមិញនេះនារីវ័យក្មេងម្នាក់បានចែករំលែកហេតុការណ៍ដ៏គួរឲ្យរន្ធត់ដែលនាងបានជួបប្រទះ។ តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបានបង្ហោះក្នុងហ្វេសប៊ុករួមជាមួយនឹងការសរសេរលាតត្រដាងការពិតដែលបង្ហាញថា នារីរូបនេះទទួលរងរបួសយ៉ាងខ្លាំងលើរាងកាយ ដោយសារតែមិត្តប្រុសនាងបានប្រើហឹង្សាឃោរឃៅមកលើនាង។
អ្វីដែលកាន់តែគួរឲ្យស្លុតចិត្តថែមទៀតនោះ គឺបុរសជាមិត្តប្រុសបានវាយនាងរហូតទាល់តែរលូតកូន។ នារីវ័យក្មេងដែលមិនត្រូវបានបញ្ចេញឈ្មោះបានសរសេររៀបរាប់ឲ្យដឹងថា នាងនឹងមិត្តប្រុសបានរស់នៅជាមួយគ្នារយៈពេល ៤ខែហើយ។


នាងត្រូវបានមិត្តប្រុសវាយធ្វើបាបចំនួន ៤ដងមកហើយ ដោយសារតែការប្រច័ណ្ឌ ប៉ុន្តែពេលខ្លះគ្រាន់តែមានរឿងឈ្លោះបន្តិចបន្តួចក៏គេប្រើហឹង្សាដាក់នាងដែរ។ នៅថ្ងៃចុងក្រោយដែលគេវាយនាងនោះ គឺក្នុងពេលដែលនាងកំពុងតែមានផ្ទៃពោះ ជាហេតុធ្វើឲ្យនាងរលូតកូន។ នាងឲ្យដឹងទៀតថា មូលហេតុដែលនាងមិនព្រមលាតត្រដាងអំពើអាក្រក់របស់មិត្តប្រុសឲ្យបានលឿនជាងនេះ ដោយសារតែនាងចង់ផ្ដល់ឱកាសឲ្យគេកែខ្លួន។


ម្យ៉ាងវិញទៀត នាងមិនចង់ឲ្យកូនកើតមកគ្មានឪពុកនោះទេ។ ប៉ុន្តែទង្វើលើកនេះវាពិតជាហួសហេតុខ្លាំង នាងលែងត្រូវការមនុស្សប្រុសបែបនេះនៅក្នុងជីវិតទៀតហើយ។ ក្រោយពីរឿងរ៉ាវត្រូវបានចែករំលែកលើបណ្ដាញសង្គម អ្នកលេងអ៊ីនធើណិតជាច្រើនចាប់អារម្មណ៍ជាខ្លាំង និងបានចូលបញ្ចេញមតិផ្សេងៗពីគ្នា៕




ប្រភព៖ www.khmershare.asia

No comments:

Post a Comment