Monday, October 16, 2017

ដំណឹងថ្មី!! ក្រសួងសុខាភិបាល គឺមិនបាន​ទទួលស្គាល់​បុគ្គល​ឈ្មោះ ជា សុខ​ហេង ថា អាច​ព្យាបាល​ជំងឺ​គ​-​ថ្លង់ ​


ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ប្រកាស​ថា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ឈ្មោះ ជា សុខ​ហេង និង​បដិសេធ​ទាំងស្រុង ចំពោះ​អត្ថបទ ដែល​បាន​ចុះ​ផ្សាយ​ថា លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​ទទួល​លោកគ្រូ ជា សុខ​ហេង ថា​ពិតជា​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ក្នុង​ការ​ព្យាបាល​យ៉ាង​ពិតប្រាកដ​មែន ព្រមទាំង​អនុញ្ញាត​ឲ្យ​លោកគ្រូ​បន្ត​ការ​ព្យាបាល​មនុស្ស គ ថ្លង់ ទៀត​ផង​។
យោង​តាម​ខ្លឹមសារ​ទាំងស្រុង របស់​ក្រសួងសុខាភិបាល ដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង នៅ​ថ្ងៃ​ទី​១៤ ខែតុលា បាន​បញ្ជាក់​ថា “​ក្រសួងសុខាភិបាល បដិសេធ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មួលបង្កាច់​របស់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ស្តី​ពី​លោកគ្រូ​ឈ្មោះ ជា សុខ​ហេង ដែល​បាន​ចុះ​ផ្សាយ​ថា ឯកឧត្តម​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ទទួល​លោកគ្រូ ជា សុខ​ហេង ថា​ពិតជា​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ក្នុង​ការ​ព្យាបាល​យ៉ាង​ពិតប្រាកដ​មែន​ព្រមទាំង​អនុញ្ញាត​ឲ្យ​លោកគ្រូ បន្ត​ការ​ព្យាបាល​មនុស្ស គ ថ្លង់ ទៀត​ផង​។ អត្ថបទ​នេះ​បាន​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់​ច្រឡំ​មក​លើ​ក្រសួងសុខាភិបាល ដែល​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​កេរ្តិ៍ឈ្មោះ​វិស័យ​សុខាភិបាល​កម្ពុជា​។
ដូចនេះ ក្រសួងសុខាភិបាល ស្នើ​ឲ្យ​គេហទំព័រ​ដើម​អម្ពិល ធ្វើការ​កែសម្រួល​ជា​បន្ទាន់ ហើយ​ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ តាម​ផ្លូវច្បាប់​ចំពោះ បុគ្គល​ឈ្មោះ ជា សុខ​ហេង​”​។ លោក​វេជ្ជបណ្ឌិត​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​កម្ពុជា ក៏​បាន​អះអាង​ដែរ​ថា “​ក្នុង​នាម​ខ្ញុំ​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ប្រកាស​មិន​ដែល​ទទួលស្គាល់​ជំនាញ​ព្យាបាល​ជំងឺ​របស់​បុគ្គល ជា សុខ​ហេង ដូចដែល​គេ​អះអាង​ថា​ជា​គ្រូ​ព្យាបាល​ជំងឺ គ ថ្លង់ នោះ​ទេ។
ក្រសួងសុខាភិបាល សូម​ប្រកាស​បដិសេធ​យ៉ាង​ដាច់​ហ​ង្កា​រ​ចំពោះ​ការ​លើក​ឡើង​របស់​បុគ្គល​នេះ និង​សូម​ធ្វើ​ឲ្យ​អាជ្ញា​ធរ មាន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ដែល​អះអាង​ខាងលើ​នេះ​”​។
 
គួរ​រំលឹក​ង​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា “​ក្រោយ​ពី​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ សិក្សា​វាយតម្លៃ​អំពី​សមត្ថភាព លោកគ្រូ ជា សុខ​ហេង ដែល​គេ​ល្បី​ត​ៗ​គ្នា​ថា ចេះ​ព្យាបាល​មនុស្ស​គ ថ្លង់ ឲ្យ​និយាយ​និង​ស្ដាប់​បាន​ឡើង​វិញ តាម​រយៈ​ការ​ចាប់​សរសៃ​នោះ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ទទួលស្គាល់​លោកគ្រូ ជា សុខ​ហេង ថា​ពិតជា​មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ក្នុង​ការ​ព្យាបាល​យ៉ាង​ពិតប្រាកដ​មែន​ព្រមទាំង​អនុញ្ញាត​ឲ្យ​លោកគ្រូ បន្ត​ការ​ព្យាបាល​មនុស្ស​គ ថ្លង់​ទៀត​ផង​។
ចំណាត់ការ​របស់​ក្រសួងសុខាភិបាល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ល្បី​ត​ៗ​គ្នា​ថា លោកគ្រូ ជា សុខ​ហេង ដែល​មានស្រុក​កំណើត ក្នុង​ខណ្ឌ​ច្បារ​អំពៅ ចេះ​ព្យាបាល​មនុស្ស​គ ថ្លង់ ឲ្យ​អាច​ស្ដាប់​និង​និយាយ​បាន​ឡើង​វិញ ហើយ​អ្នក​ពិការ​មួយ​ចំហៀង​ខ្លួន​អាច​ដើរ​ឬ​មាន​ចលនា​ឡើង​វិញ ជា​ពិសេស​មានការ​ឃោសនា​ខ្លាំង​តាម​រយៈ​បណ្ដាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​”៕ ប្រភព៖ www.everyday.com.kh



No comments:

Post a Comment