លោក ឃឹម ទិព្វមុន្នី ប្រធានច្រកតំបន់ភ្នំដី ស្រុកសំពៅលូន បានប្រាប់អោយដឹងនៅរសៀលម្សិលមិញថាមូលហេតុដែលខាងអាជីវករបាននាំគ្នាផ្ទុះការតវ៉ាបិទផ្លូវចេញចូលនៅមាត់ច្រកតំបន់ភ្នំដីដោយសារតែខាងអាជ្ញាធរថៃបានធ្វើការរឹតបន្តឹងមិនអោយរថយន្តដែលដឹកទំនិញពីខ្មែរមានកម្ពស់ខ្ពស់ៗច្រើនចូលទៅថៃដូចពីមុនទើបខាងថៅកែថៃបានញុះញង់អោយអាជីវករខ្មែរទាំងនោះនាំគ្នាបិទច្រកដើម្បីអោយថ្នាក់លើបានឃើញ និងដើម្បីទាមទារដឹកដូចធម្មតាវិញ។
គួរបញ្ជាក់ថាថ្មីៗនេះមានការហាមឃាត់ទំនិញកសិផលមួយចំនួនដែលជារបស់កសិករខ្មែរដូចជាខ្ទឹមបារាំង ខ្ទឹមស ប៉េងប៉ោះ ល្ហុង ម្ទេសនិងផ្លែស្វាយជាដើម មិនអោយនាំចូលទៅលក់នៅលើទីផ្សារណាត់ក្នុងទឹកដីថៃក្បែរច្រកព្រំដែនឡើយ ដែលសូម្បីតែខ្ទឹមស មួយការុងដែលអាជីវករលីយកទៅលក់ក៏ត្រូវចាប់ដែរ មិនតែប៉ុណ្ណោះ នៅក្នុងទីផ្សារថៃគេ សង្គេតឃើញថាមានទាហានឈុតខ្មៅស្លៀកពាក់ជាឯកសណ្ឋានស្ពាយកាំភ្លើងឈរពង្រាយគ្នាពេញក្នុងផ្សារដើម្បីត្រួតពិនិត្យមើលទំនិញរបស់ខ្មែរ។ ចំណែកទំនិញឬផ្លែឈើដែលពលរដ្ឋថៃបានទិញបន្តពីអាជីវករខ្មែរបម្រុងយកទៅក្នុងប្រទេសក៏ត្រូវទាហានថៃចាប់ដែរ ។ដែលបញ្ហានេះបានធ្វើឳ្យប្រជាពលរដ្ឋមានការក្តៅក្រហាយរហូតក្រុមអាជីរករខ្មែរចេញមុខធ្វើបាតុកម្មតវ៉ាតែម្តង។
នៅព្រឹកនោះដែរក្រោយពីខាងភាគីថៃចុះមកសម្របសម្រួលរួចមកក្រុមអាជីវករខ្មែរបានស្នើសុំ៣ចំណុចសំខាន់ៗគឺទី១សុំឳ្យមានការនាំផលិតផលកសិផលខ្មែរយកទៅលក់នៅលើទីផ្សារថៃបានដូចដើម ទី២. សុំឳ្យច្រកទ្វារតំបន់ខាងភាគីថៃចាប់បើកនៅម៉ោង៥កន្លះព្រឹកហើយបិទនៅម៉ោង៥កន្លះល្ងាចដូចពីមុននិងទី៣.សុំកុំឳ្យមានទាហានក្នុងឯកសណ្ឋានស្ពាយកាំភ្លើងមកឈរពង្រាយពេញផ្សារបែបនេះតទៅទៀតព្រោះធ្វើឳ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
ឆ្លើយតបនឹងសំណើរទាំងនេះភាគីថៃបានសន្យាថានៅរសៀលថ្ងៃដដែលនេះក្រោយពីបើកកិច្ចពិភាក្សាគ្នារួចមកគេនឹងផ្តល់ដំណឹងតាមក្រោយដូច្នេះសុំឳ្យប្រជាពលរដ្ឋទាំងសងខាងបើកទ្វារច្រកឡើងវិញជៀសវាងការកកស្ទះចរាចរណ៍នៅលើច្រកតំបន់នេះ៕ ប្រភព៖ www.everyday.com.kh







No comments:
Post a Comment