
ស្អែកនេះថ្ងៃទី១៦ ខែវិច្ឆិកា តុលាការកំពូលនឹងបើកសវនាការបណ្តឹងក្រសួងមហាផ្ទៃ ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណបបរទេសមួយនេះ ពិតជារលាយយ៉ាងពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា បានដាក់ភស្តុតាងបន្ថែមជូនតុលាការកំពូល ជុំវិញបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។
លោក គី តិច មេធាវីតំណាងក្រសួងមហាផ្ទៃ ថ្លែងថា «ក្រុមមេធាវី ដាក់ភស្តុតាងសំខាន់ៗចំនួនបីបន្ថែមទៀតជូនតុលាការកំពូល ដែលក្នុងនោះមានសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី ភស្តុតាងថ្មីៗដែលបញ្ជាក់អំពីអំពើបាននិងកំពុងបន្តធ្វើនៃផែនការបដិវត្តន៍ពណ៌ និង ជាពិសេសគឺបញ្ជីឈ្មោះផ្លូវការថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូប ដែលត្រូវសុំឱ្យតុលាការកំពូលហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ»។
ក្រុមមេធាវីជឿជាក់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយមួយរយភាគរយ ដោយយោងតាមភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរឹងមាំដែលផ្តល់ជូនតុលាការកំពូល។រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិ ពុំបានពឹងពាក់មេធាវីឱ្យការពារក្ដីនៅតុលាការកំពូលទេ។ បញ្ហានេះក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បញ្ជាក់ថា ទោះបីគណបក្សសង្គ្រោះជាតិ ពុំបានដាក់មេធាវី ក៏តុលាការកំពូលអាចបន្តនីតិវិធីបានដែរ។
មន្រ្តីតុលាការបានបញ្ជាក់ថា សវនាការនេះជាសភាពេញអង្គដែលមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ហើយនឹងធ្វើជាសាធារណៈ។
សូមជំរាបថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅ កាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំ រំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។នៅក្នុងពាក្យបណ្តឹងរបស់ ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តី ពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិបាននិងកំពុងអនុវត្តផែនការដោយឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋ អំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តា ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។ដោយបានរកឃើញវីដេអូឃ្លីបចំនួន៣ ក្នុងចំណោមវីដេអូឃ្លីបជាច្រើន និង ភស្តុតាងជាច្រើនទៀត ដែលដាក់ជូនតុលាការកំពូលថ្ងៃនេះ និងខ្លះទៀតដែលយើងមានក្នុងដៃរបស់យើងរួចហើយ។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ បានរៀបរាប់បន្ថែមថា៖ អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្ស សង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕ ប្រភពៈ www.everyday.com.kh



No comments:
Post a Comment